ដំណើរការកិច្ចប្រជុំស្ដីពីការចូលជួបបដិសណ្ឋារកិច្ចសំដែងការគួរសម រវាងគណៈប្រតិភូមកពីសាធារណរដ្ឋប្រជាមានិតចិន ក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ពន្ធ! km
1. ការចូលជួបបដិសណ្ឋារកិច្ចសម្ដែងការគួរសម នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក លោក ឆៃ ជីងហ៊ាង អគ្គនាយកក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក និងគណៈប្រតិភូមកពីសាធារណរដ្ឋប្រជាមានិតចិន ក្រុមហ៊ុន China Energy Engineering Group Co., Ltd. បានដឹកនាំក្រុមការងារចូលជួបបដិសណ្ឋារកិច្ចសម្ដែងការគួរសម នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង ជាប្រធានអង្គប្រជុំ អមដោយសហការី។
- ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង បានថ្លែងបង្ហាញការណែនាំដល់សមាជិកចូលរួមក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺជាស្ថាប័នទទួលបន្ទុកការទាក់ទាញអ្នកវិនិយោគ និងអនុម័តគម្រោងវិនិយោគចំនួន ៤ គឺ វិស័យឧស្សាហកម្ម វិស័យកសិ-ឧស្សាហកម្ម វិស័យទេសចរណ៍ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ការ វិនិយោគលើវិស័យទាំង ៤នេះ គឺទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ និងការអនុគ្រោះពន្ធការនាំចូលសម្ភារ បរិក្ខារសម្រាប់បម្រើផលិតកម្មគម្រោង។


2. ការចូលជួបបដិសណ្ឋារកិច្ចសម្ដែងការគួរសម នៅក្រសួងបរិស្ថាន
- នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទីព្រឹក លោក ឆៃ ជីងហ៊ាង
អគ្គនាយកក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក និងគណៈប្រតិភូមកពីសាធារណរដ្ឋប្រជាមានិតចិន ក្រុមហ៊ុន China Energy Engineering Group Co., Ltd. បានបន្តដឹកនាំក្រុមការងារចូលជួបបដិសណ្ឋារកិច្ចសម្ដែងការគួរសម នៅក្រសួងបរិស្ថាន ដែលមានឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានអង្គប្រជុំ អមដោយសហការី។
- ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ណែនាំអំពី ច្បាប់ និងបទបញ្ញាតិរបស់ក្រសួងបរិស្ថាន ទាក់ទងនឹងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (Esia) ដំណាក់កាលទទួលបានអាជ្ញា បណ្ណស្វែងរុករកធនធានរ៉ែថ្មកំបោរ និងបន្តរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (Esia) ក្នុងដំណាក់កាលទទួលបានអាជ្ញាបណ្ណ ធ្វើអាជីវកម្មផលិតស៊ីម៉ងត៍នាពេលខាងមុខ ពីក្រសួងរ៉ែ និងថាមពល។


3. ការចូលជួបបដិសណ្ឋារកិច្ចសម្ដែងការគួរសម នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
- នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទីព្រឹក លោក ឆៃ ជីងហ៊ាង
អគ្គនាយកក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក និងគណៈប្រតិភូមកពីសាធារណរដ្ឋប្រជាមានិតចិន ក្រុមហ៊ុន China Energy Engineering Group Co., Ltd. បានដឹកនាំក្រុមការងារចូលជួបបដិសណ្ឋារកិច្ចសម្ដែងការគួរសមនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធានអង្គប្រជុំ អមដោយសហការី។
- បន្ទាប់ពីការធ្វើបទឧទ្ទេសនាម អំពីសាវតា និងប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន China Energy Engineering Group Co., Ltd. ក៏ដូចជាគោលបំណងចង់វិនិយោគគម្រោង ផលិតទឹកស្អាតខ្នាតធំ និងវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍រួចមក ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះ សមត្ថភាព កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនខាងលើនេះ។
- ឯកឧត្ដមបានស្នើសុំឲ្យភាគីចិន ពិនិត្យលទ្ធភាពបង្កើតរោងចក្រអាងប្រព្រឹត្តិកម្មទឹកស្អាត ខ្នាតធំ ផ្គត់ផ្គង់តាមបណ្តោយផ្លូវជាតិលេខ ៧ ឆ្លងកាត់ខេត្តកំពង់ចាម ត្បូងឃ្មុំ រហូតទៅដល់ស្រុកស្នួលខេត្តក្រចេះ ដែលជារបៀងសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលមានតម្រូវការទឹកស្អាតប្រមាណ ៣០ម៉ីន ម៉េត្រគូបក្នុងមួយថ្ងៃ ហើយត្រូវយកប្រភពទឹកឆៅពីទន្លេមេគង្គ។ គម្រោងនេះមានសារ:សំខាន់ណាស់ មិនត្រឹមសម្រាប់ផលសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែបានជួយរំដោះប្រជាពលរដ្ឋនៅតំបន់នោះឲ្យបញ្ឈប់ការប្រើប្រាស់ប្រភពទឹកពីក្រោមដី ដែលសម្បូរណ៍ដោយជាតិពុល ឬសារធាតុគីមីមិនល្អ។


4. ការចូលជួបបដិសណ្ឋារកិច្ចសម្ដែងការគួរសម នៅក្រសួងរ៉ែ និងថាមពល
- នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៤:០០នាទីរសៀល លោក ឆៃ ជីងហ៊ាង អគ្គនាយកក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក និងគណៈប្រតិភូមកពីសាធារណរដ្ឋប្រជាមានិតចិន ក្រុមហ៊ុន China Energy Engineering Group Co., Ltd. បានបន្តដឹកនាំក្រុមការងារចូលជួបបដិសណ្ឋារកិច្ចសម្ដែងការគួរសម នៅក្រសួងរ៉ែ និងថាមពល ដែលមានឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ទទួលបន្ទុកនាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ជាប្រធានអង្គប្រជុំ អមដោយសហការី។
- ឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ណែនាំអំពីច្បាប់ និងបទបញ្ញាតិរបស់ក្រសួងរ៉ែ និងថាមពល និងកាតព្វកិច្ចដែលក្រុមហ៊ុនត្រូវអនុវត្តបន្ត ដើម្បីទទួលបានអាជ្ញាបណ្ណធ្វើអាជីវកម្ម។


5. ការចូលជួបបដិសណ្ឋារកិច្ចសម្ដែងការគួរសម នៅអគ្គិសនីកម្ពុជា
- នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ព្រឹក លោកអគ្គនាយក និងលោកស្រីអគ្គនាយិករង ក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក និងគណៈប្រតិភូមកពីសាធារណរដ្ឋប្រជាមានិតចិន ក្រុមហ៊ុន China Energy Engineering Group Co., Ltd. បានដឹកនាំក្រុមការងារចូលជួបបដិសណ្ឋារកិច្ចសម្ដែងការគួរសម នៅអគ្គនាយកដ្ឋានអគ្គិសនីកម្ពុជា ដែលមាន ឯកឧត្តម ប្រាំង ជលសា អគ្គនាយករងផែនការ និងបច្ចេកទេស នៃអគ្គនាយកដ្ឋានអគ្គិសនីកម្ពុជា ជាប្រធានអង្គប្រជុំ អមដោយសហការី។
- បន្ទាប់ពីបានជម្រាបអំពីគោលបំណងនៃការចូលជួបបដិសណ្ឋារកិច្ចសម្ដែងការ គួរសម និងតម្រូវការប្រើប្រាស់ និងផ្គត់ផ្គង់អគ្គិសនីនៅក្នុងគម្រោងរោងចក្រផលិត ស៊ីងម៉ងត៍ នាពេលខាងមុខ ឯកឧត្តម ប្រាំង ជលសា អគ្គនាយករងផែនការ និងបច្ចេក ទេស នៃអគ្គនាយកដ្ឋានអគ្គិសនីកម្ពុជា បានសម្ដែងការគាំទ្រ និងអះអាងថា អគ្គិសនី កម្ពុជា នឹងផ្គត់ផ្គង់អគ្គិសនី គ្រប់ចំនួនតាមតម្រូវការនៃការប្រើប្រាស់នៅក្នុងគម្រោង។

