ដំណើរទស្សនកិច្ចរបស់Hong Kong Jialong Group ដើម្បីសិក្សាឱកាសវិនិយោគនៅកម្ពុជា - CCHG
Skip links
ដំណើរទស្សនកិច្ចរបស់<br>Hong Kong Jialong Group ដើម្បីសិក្សាឱកាសវិនិយោគនៅកម្ពុជា

ដំណើរទស្សនកិច្ចរបស់
Hong Kong Jialong Group ដើម្បីសិក្សាឱកាសវិនិយោគនៅកម្ពុជា

ថ្ងៃទី ១៦ ខែមិថុនា វេលាម៉ោង ០៦:៥០នាទីព្រឹក

ការអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា របស់គណៈប្រតិភូ Jiaolong Group និងការទទួលស្វាគមន៍របស់ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប


ការចុះត្រួតពិនិត្យទីតាំងដីកោះស្នេហ៍ទំហំ ១៤៧ហិកតា មានទីតាំងជាប់ទន្លេមេគង្គ ស្ថិតនៅភូមិជ្រោយពិសី ឃុំទឹកឃ្លាំង និងភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ដើម្បីសិក្សាអំពីសក្ដានុពលការវិនិយោគ និងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ រមនីយដ្ឋាន លំនៅដ្ឋាន និងទីតាំងពាណិជ្ជកម្មជាដើម។ល។ រួចបន្តធ្វើដំណើរពិនិត្យស្ថានភាពជុំវិញរាជធានីភ្នំពេញ និងផ្សារទំនើបអ៊ីអន២ សែនសុខ (AEON Mall Sen Sok City)។

1. ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

នាថ្ងៃទី ១៧ ខែមិថុនា វេលាម៉ោង ៨:០០នាទីព្រឹក គណៈប្រតិភូនៃក្រុមហ៊ុន Jiaolong Group និងថ្នាក់ដឹកនាំក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប ព្រមទាំងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលមានឯកឧត្តម យន់ ហេង អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា ជាប្រធានអង្គប្រជុំ អមដោយសហការី។
ឯកឧត្តម យន់ ហេង ប្រធានអង្គប្រជុំ បានថ្លែងបង្ហាញការណែនាំដល់សមាជិកចូលរួមក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺជាស្ថាប័នទទួលបន្ទុកការទាក់ទាញអ្នកវិនិយោគ និងអនុម័តគម្រោងវិនិយោគលើវិស័យឧស្សាហកម្ម វិស័យកសិ-ឧស្សាហកម្ម វិស័យទេសចរណ៍ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ បន្ទាប់ពីបានជ្រាបការណែនាំរបស់លោក HUANG YUJIAO អំពីគម្រោងរបស់ Chengdu Jiaolong industry Port ដែលជាគម្រោងមានភាពឆ្នៃប្រឌិតខ្ពស់ទទួលបានភាពជោគជ័យបំផុតមួយ ជាពិសេសទទួលបានវិញ្ញាបន ប័ត្រ ការលើកទឹកចិត្ត និងគំទ្រពីរាជរដ្ឋាភិបាលនៃសាធារណរដ្ឋបាលជាមានិតចិន គឺប្រធានាធិបតី Xi Jinping ផងដែនោះ។ ក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជួសមុខឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិតជាមានមោទនភាព និងគាំទ្រយ៉ាងពេញទំហឹងដែល Hong Kong Jiaolong Group មានបំណងនាំយកគំរូអាជីវកម្ម និងបទពិសោធន៍ជោគជ័យមួយនេះមកវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា។

2. ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទីរសៀល គណៈប្រតិភូនៃក្រុមហ៊ុន Hong Kong Jiaolong Group និងថ្នាក់ដឹកនាំក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប ព្រមទាំងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ជាប្រធានអង្គប្រជុំ អមដោយសហការី។
ឯកឧត្តម តឹករ៉េត សំរេច ប្រធានអង្គប្រជុំ បានថ្លែងបង្ហាញការណែនាំដល់សមាជិកចូលរួមក្នុងកិច្ចប្រជុំអំពីសមាសភាពថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកដីធ្លីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងការសម្រេចចិត្តស្វែងរកឱកាសវិនិយោគរបស់ Hong Kong Jiaolong Group នៅប្រទេសកម្ពុជា ជួសមុខឱ្យក្រសួងផ្ទាល់ និងរាជរដ្ឋាភិបាល ពិតជាមានសេចក្ដីសោមន្សរីករាយជាខ្លាំង និងស្វាគមន៍ជានិច្ចចំពោះការវិនិយោគនៅកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថានៅក្នុងប្រទេសកម្ពុជា ចំពោះអ្នកវិនិយោគទុនបរទេសមានសិទ្ធិប្រើប្រាស់ដីធ្លី និងអាចទទួលបានច្បាប់អនុញ្ញាតសាងសង់ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដោយក្រុមហ៊ុនអាចជួលទីតាំងដីពីឯកជន ឬពីរាជរដ្ឋាភិបាល ដើម្បីស្នើសុំច្បាប់សាងសង់ និងប្រើប្រាស់។ ក្នុងករណីក្រុមហ៊ុនមានបំណងចង់វិនិយោគបង្កើតតំសេដ្ឋកិច្ចពិសេស ឬវិនិយោគលើ វិស័យទេសចរណ៍ ឬចង់បង្កើតទីក្រុងថ្មី ឯកឧត្តមណែនាំឱ្យក្រុមហ៊ុនសិក្សាអំពីសក្ដានុពលទីតាំងខេត្តមួយចំនួនដូចជាខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តសៀមរាប ឬនៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយគម្រោងទាំងអស់នេះត្រូវស្នើសុំច្បាប់អនុញ្ញាតិពីក្រសួងស្ថាប័នពាក់ព័ន្ធជាមុនសិន។

3. ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅក្រសួងពាណិជ្ជកម្ម

នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៤:០០នាទីរសៀល គណៈប្រតិភូនៃក្រុមហ៊ុន Hong Kong Jiaolong Group និងថ្នាក់ដឹកនាំក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប ព្រមទាំងសហការី បន្តចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅក្រសួងពាណិជ្ជកម្ម ដែលមានឯកឧត្តម លឹម ឡោពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាប្រធានអង្គប្រជុំ អមដោយសហការី។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូនៃក្រុមហ៊ុន Hong Kong Jiaolong Group និងថ្នាក់ដឹកនាំក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប ព្រមទាំងសហការី និងបានជម្រាបជូនអំពីសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានរួមមាន ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កូរ៉េ អេម៊ីរ៉េតអារ៉ាប់រួម និងកិច្ចព្រមព្រៀងអាសិប ជាដើម។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីច្បាប់ស្តីពីវិនិយោគថ្មីដែលបានផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន ព្រមទាំងបានថ្លែងអំណរគុណដល់គណៈប្រតិភូខាងលើសម្រាប់ជំនួបដ៏មានអត្ថន័យនេះ និងបានលើកទឹកចិត្តឱ្យបន្តកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្មបន្ថែមទៀត។
ជាការឆ្លើយតប គណៈប្រតិភូនៃក្រុមហ៊ុន Hong Kong Jiaolong Group បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនបានចូលជួបសម្តែងការគួរសម និងពិភ្សាការងារដោយផ្ទាល់ និងបានធ្វើបទបង្ហាញអំពីគម្រោងរបស់ Chengdu Jiaolong industry Port និងប្រតិបត្តិការស្នូលរបស់ក្រុមហ៊ុនដោយផ្តោតលើការអភិវឌ្ឍទីក្រុង។ ក្នុងនាមក្រសួងពាណិជ្ជកម្ម បានស្វាគមន៍ ព្រមទាំងជំរុញឱ្យ Hong Kong Jiaolong Group មកធ្វើការវិនិយោគគំរូអាជីវកម្មថ្មីៗ និងបទពិសោធន៍ជោគជ័យមួយនេះក្នុងព្រះរាជាណាចក្រកម្ពុជា។